ពេលវេលានឹងព្យាបាលរបួសយើងអោយសះស្បើយ
សេចក្តីកង្វល់កន្លងផុតទៅ អ្វីដែលអោយយើងយំសោក នឹងត្រូវបានបំភ្លេចចោលយ៉ាងឆាប់រហ័ស។ អ្នកអាចនៅចាំថា អ្នកបានស្រែកយំ ប៉ុន្តែមិនបានចងចាំថា ហេតអ្វីបានជាអ្នកបានធ្វើយ៉ាងនោះទេ! នៅពេលដែលយើងបានចម្រើនវ័យធំឡើង ហើយបានឆ្លងកាត់ជីវិតរស់នៅ យើងតែងតែខ្វល់ញឹកញយ ចំពោះហេតុយ៉ាងម៉េចដែលយើងដេកមិនលក់នៅពេលយប់ ដោយបណ្តោយអោយគំនិតដដែលរត់ឆ្លងកាត់សន្តានចិត្តយើង ដែលពាក់ព័ន្ធនឹងការត្រិះរិះថា តើហេតុដូចម្តេចបានជាយើងមានគំនំ? យើងអាចច្រឡោតខឹងភ្លាមៗ ចំពោះរឿងអ្វីមួយ ហើយក្រោយបន្តិចមកចង់ដឹងថាយើងក្រោធខឹងពីរឿងអ្វី ហើយយើងភ្គាក់ផ្អើលដោយដឹងថាយើងចំណាយពេល និងកម្លាំងឥតប្រយោជន៍ យើងបានបន្ថយភាពក្រោធខឹងដោយចេតនាក្នុងពេលដែលយើងអាចបញ្ឈប់កំហឹងនោះបាន ហើយចាប់ផ្តើមត្រិះរិះ អំពីរឿងអ្វីផ្សេងល្អជាងទោះបីជាសេចក្តីព្រួយកង្វល់របស់យើងជាអ្វីក៏ដោយ ហើយទោះមានអារម្មណ៍ឈឺចាប់យ៉ាងណាក៏ដោយ ក៏ពេលវេលានឹងព្យាបាលរបួសចិត្តរបស់យើង។ ប៉ុន្តែប្រាកដណាស់ វាត្រូវតែមានអ្វីមួយ ដែលយើងអាចធ្វើដើម្បីរក្សាខ្លួនយើងកុំអោយ ប៉ះទង្គិចជាមុនសិន។ តើហេតុអ្វីក៏យើងបណ្តោយអោយអ្នកដទៃ ឬ សេចក្តីព្រួយកង្វល់មកបង្ខាតកម្លាំងរបស់យើង ហើយធ្វើអោយយើងកើតទុក្ខ? ចំម្លើយគឺអ្នកដទៃមិនបានធ្វើនោះទេ គឺខ្លួនយើងនោះទេ ដែលបានធ្វើអោយខ្លួនឯងកើតទុក្ខដោយខ្លួនឯង ។
អ្នកអាចមានសេចក្តីកង្វល់ខ្លះនៅក្នុងកន្លែងធ្វើការរបស់អ្នក ប៉ុន្តែអ្នកមិនត្រូវចម្លង បរិយាកាសអាប់អ៊ួរនេះទៅក្នុងគ្រួសាររបស់អ្នកនោះទេ។ លោកអ្នកត្រូវដឹងច្បាស់ថាបញ្ហាទាំងឡាយនោះមានទីបញ្ចប់របស់វា។ ដំណោះស្រាយអាចរកឃើញនៅក្នុងការសម្រេចបាននូវការរំដោះផុត អំពីចំណងអត្តទត្ថភាពរបស់យើងតាមរយៈការលុបបំបាត់ភាពច្របូកច្របល់ និងអវិជ្ជក្នុងគ្រប់រូបភាព ។ កាលណាយើងបរាជ័យក្នុងការរកឃើញដំណោះស្រាយចំពោះបញ្ហាណាមួយ យើងតែងមានទំនោរទម្លាក់កំហុសលើអ្នកដទៃ ដើម្បីលុមលាងទោសកំហុសរបស់យើង។ យើងមិនបានត្រៀមខ្លួន ដើម្បីទទួលស្គាល់ចំណុចខ្វះខាតផ្ទាល់របស់យើងទេ។ វាជាការងាយស្រួល ដើម្បីទម្លាក់ការស្តីបន្ទោសទៅលើងអ្នកដទៃ។ តាមពិតមានមនុស្សខ្លះ សប្បាយនឹងប្រពឹត្តដូចច្នេះ ទៀតផង។ នេះគឺជាអាកប្បកិរិយាខុសឆ្គងទាំងស្រុងមិនត្រូវប្រកាន់យក។ យើងមិនត្រូវបង្ហាញគំនិតព្យាបាទចំពោះ អ្នកដទៃឡើង។ យើងត្រូវខិតខំអោយអស់លទ្ធភាពដោយសេចក្តីព្យាយាម និងដោយភាពស្ងៀមស្ងាត់ ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់យើង។ យើងត្រូវត្រៀមខ្លួនប្រឈមមុខដោះស្រាយសេចក្តីលំបាកណាមួយដែលយើងនឹងជួបប្រទះ
និពន្ធដោយព្រះតេជគុណបណ្ឌិត ក.ស្រីធម្មានន្ទ