កំណត់ហេតុៈ ខុសពីមុន

           ជីវិតគឺបែបនេះហើយ!​​ នៅពេលដែលយើងព្យាយាមប្រើវាឲ្យមានតំលៃ...អ្វីៗក៏ត្រូវបានបង្ហាញតាមរយៈសកម្មភាពថ្មីៗរបស់យើង។ ៨ឆ្នាំមកហើយដែល ខ្ញុំបានប្រើប្រាស់ជីវិតមួយនេះដោយខ្លួនឯង... គ្មានម៉ាក់ប៉ាជេរ គ្មាននរណាម្នាក់អាចសំរេចបំណងរបស់ខ្ញុំបានក្រៅពីខ្លួនឯង។
ពេលនេះកាន់តែខុសឆ្ងាយពីកាលមុន... យាយបានចូលនិវត្តន៍ គាត់ចាស់ណាស់ហើយ ក៏មិនអាចមើលថែឲ្យប្រាក់បង់សាលាដូចកាលពី៨ឆ្នាំមុនបានទៀតទេ... ពេលយាយមកដល់កម្ពុជាលើកនេះ គាត់បានហុចស្រោមសំបុត្រប្រាក់ខែចុងក្រោយមកឲ្យខ្ញុំដោយផ្ទាល់ ខុសពីកាលលើកមុន ដែលរាល់ដងខ្ញុំត្រូវទៅបើកលុយនៅធនាគារដោយផ្ទាល់។ "យាយចូលនិវត្តន៍ហើយ យាយគ្មានលុយឲ្យដូចពីមុនទៀតនោះទេ" នេះគឺជាអ្វីដែលខ្ញុំលឺពីយាយមក ខ្ញុំមិនបាននិយាយអ្វីទៅកាន់យាយវិញទេ បានត្រឹមតែឈ្ងោកមុខចុះហើយហូបបាយបន្ត។ កាលពិតខ្ញុំធំហើយ ខ្ញុំបានព្យាយាមរកប្រាក់ទៅសាលាដោយខ្លួនឯងតាំងពី៣ឆ្នាំមុនមកម្លេះ ដោយសារតែកាយចាយវាយរបស់ខ្ញុំមិនមានកំណត់ ពីព្រោះខ្ញុំជាមនុស្សចូលចិត្តដើរច្រើន តែក៏មិនធ្វើអ្វីឲ្យហួសហេតុពីក្របខណ្ឌរបស់ខ្លួនឯងដែរ។ ប៉ុន្មានថ្ងៃក្រោយខ្ញុំក៏ពិភាក្សាជាមួយពូអំពីរឿងនេះម្តងទៀត។ ពេលដែលបាននិយាយជាមួយពូលើកនេះ ខ្ញុំក៏មានអារម្មណ៍ប្លែកជាងរាល់ដង។ ការនិយាយស្តី និងការសរសេរចេញពីគំនិតគឺខុសប្លែកពីការដែលខ្ញុំនៅក្មេង ខ្ញុំចាប់ផ្តើមដឹងហើយថាខ្ញុំនេះធំជាងមុនឆ្ងាយណាស់។ ពូក៏ប្រាប់ដែរថា "ល្អហើយ ព្រោះក្មួយធំៗអស់ហើយ​ " ហើយចំពោះលើកនេះ គាត់ក៏លែងប្រកែកដាច់អហិង្កាពីរឿងខ្ញុំយកពេលរៀនទៅធ្វើការដូចពីមុនទៀតដែរ។ បែរជាលើកយករឿងការតស៊ូក្នុងជីវិតមកនិយាយជាមួយខ្ញុំទៅវិញ។
         ខ្ញុំក្លាយទៅជាមនុស្សលែងគិតពីខ្លួនឯង កន្លងមកការផ្លាស់ប្រែគ្រប់យ៉ាងបានធ្វើឲ្យខ្ញុំកាន់តែក្លាយទៅជាមនុស្សម្នាក់ថ្មី ហើយរូបរាងកាយស្គមស្គាំងជាងមុន តែក៏មិនដែលគិតខ្វល់នឹងរឿងទាំងនោះទៀតដែរ។ អ្នកគ្រប់គ្នាដែលធ្លាប់ស្គាល់កាលពីមុនគេថាខ្ញុំស្គម មកទល់ថ្ងៃនេះ គេជួបខ្ញុំ គេក៏ថាខ្ញុំនេះស្គមជាងមុនខ្លាំងទៅទៀត។ ខ្ញុំគ្មានអ្វីតបទៅវិញទេ ក្រៅពីញញឹមហើយជំនួសដោយពាក្យ "ហត់ពេក" ហើយក៏បង្វែរប្រធានបទផ្សេង។
        លើកទីមួយក្នុងជីវិតដែលខ្ញុំបានឈានជើងចូលមកធ្វើការក្រៅម៉ោងនៅក្នុងក្រុមហ៊ុនមួយដែលមានមុខមានមាត់នៅក្នុងសង្គមអ៊ីនធើណេតក្នុងស្រុកខ្មែរ តែខ្ញុំបែរជាលាក់កំបាំងពីអ្នកដទៃនៅពេលដែលខ្ញុំបានចូលធ្វើការនៅទីនោះ។ មើលទៅចាងហ្វាងនៅទីនោះ ដូចជាទុកចិត្តមកលើខ្ញុំណាស់ គាត់បានផ្តល់ឪកាសដល់ខ្ញុំ ខ្ញុំដឹង ការងាររបស់ខ្ញុំមិនមែនជាការងារជាអាជីពនៅថ្ងៃអនាគតនោះទេ តែកាលៈទេសៈបានបង្ខំចិត្តឲ្យខ្ញុំចែកពេលពីការសិក្សាមកធ្វើការរកប្រាក់បន្ថែមសំរាប់រៀន និងចាយវាយក្នុងផ្ទះ។ កាលពីចូលធ្វើការដំបូង ខ្ញុំធុញ ស្មុគ្រស្មាញ ហើយចង់ទៅផ្ទះ តែកន្លះខែក្រោយមកខ្ញុំក៏មិនសូវអី បន្ទាប់ពីមេបានរៀបចំតុធ្វើការ នឹងដេសថបថ្មីសំរាប់ការងារខ្ញុំរួចរាល់ហើយ។ ទើបធ្វើឲ្យខ្ញុំដឹងខ្លួនឯងថា កាលពិតមកពីខ្ញុំមិនចង់ប្រើប្រាស់របស់ខ្លួនឯសំរាប់ធ្វើការងារទាំងនេៈនោះទេ។ មកទល់ពេលនេះខ្ញុំអាចសម្របខ្លួនបានល្អ អាចធ្វើការបានម៉ត់ចត់ជាងមុន ហើយក៏ល្អជាងមុនបន្តិចដែរ។

សូមអរគុណសំរាប់ជីវិតមួយនេះ ដែលម៉ាក់ ហើយនិងប៉ា បានផ្តល់មកឲ្យខ្ញុំ។ ខ្ញុំមិនចង់ឲ្យមាននរណាម្នាក់ រឺសាច់ឈាមខាងណាមកប្រមាថមើលងាយ ដល់គ្រួសាររបស់ខ្ញុំទៀតនោះទេ។ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវស៊ូទ្រាំរហូតទាល់តែរៀនចប់ ហើយនិងបន្តដំណើរទៅខាងមុខទៀត... ខ្ញុំមិនអាចឈប់ពាក់កណ្តាលទីដូចបងៗរបស់ខ្ញុំទាំង៣ បានទេ...។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានបាក់ទឹកចិត្ត ពីព្រោះពេលនេះខ្ញុំលំបាកជាងគេ ព្រោះកាលពីជំនាន់បងៗរៀន មានលុយបង់សាលាគ្រប់គ្រាន់ ដោយសារមានយាយជួយ តែក៏លែងគិតទៀតហើយ ព្រោះទោះជាយ៉ាងណា ខ្ញុំក៏បានក្លាយជាសិស្សអាហារូបករណ៍ ម្នាក់ក្នុងចំនោម ៣០នាក់ លេខរៀនទី ៨ ហើយបានរៀននៅសាលា ដែលពោរពេញទៅដោយវប្បធម៍ និង សិល្បៈ ដែលជនបរទេសគ្រប់គ្នាតែងតែនិយាយថា ខ្ញុំជាមនុស្សសំណាងដែលបានរៀននៅសាលានោះ។ បានហើយនេះគ្រាន់តែជា ពាក្យលើកទឹកចិត្តរបស់ខ្ញុំ តែប៉ុណ្ណោះ។

ជួបគ្នាលើកក្រោយទៀត ប្លក់សំណព្វចិត្តខ្ញុំ។
ថ្ងៃ អាទិត្រទី ២៣ ខែ មិនា ឆ្នាំ ២០១៤
Anonymous

Some say he’s half man half fish, others say he’s more of a seventy/thirty split. Either way he’s a fishy bastard.

Thanks for your like this page :)

You like this page? Do you have something to say?